កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី៣៨៩ ប្រារឰនៅថ្ងៃ ១៥ កើត ខែផល្គុន ពុទ្ធសករាជ ២៥៥៣ ត្រូវនឹងថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១០ ក្រោមអធិបតីភាព របស់ លោកជំទាវ ជៀម យៀប និង ឧកញ៉ាមហាឧបាសិកា ញ៉ឹក ប៊ុនថា ជាអ្នក ឧបត្ថម្ភកម្មវិធីដោយមានព្រះសង្ឃ ចូលរួមចំនួន ០៧ អង្គ និងពុទ្ធបរិស័ទ្ធ មានចំនួនប្រមាណ ជាង ១៥០ នាក់។ នៅពេលព្រឹក ប្រធានបទទី១ គឺអំពី កាមោឃៈ អន្លង់គឺកាម ។ ខ្លឹមសារ សម្តែងពីកាមពីរយ៉ាង គឺវត្ថុកាម១ កិលេសកាម១។ វត្ថុកាមបានដល់ រូប សំលេង ក្លិន រស ផោដ្ឋព្វ។ កិលេសកាម បានដល់ លោភា ទោសៈ និងមោហៈ ឬលោភមូល ៨ដួង ទោសមូល២ដួង និង មោហៈមូល ២ដួង។ ពាក្យថាកាមមោឃៈ មានន័យថា សត្វលោកតែងលិចលង់ក្នុងសង្សាវដ្ត ដោយការ កើត ចាស់ ឈឺ ស្លាប់ ព្រោះហេតុតែខ្លួនមិនបានលះបង់នូវកាម។ និងប្រធានបទទី២គឺ ភវោយៈ អន្លង់គឺភព សម្តែងពី អន្លង់គឺភព បានដល់កន្លែង ដែលសត្វកើត។ នៅក្នុងទីនេះ សំដៅយកភព២យ៉ាងគឺកម្មភព១ និងឧបបត្តិភព១។ កម្មភពបានដល់កម្មជាកុសល និងកម្មជាអកុសលដែលនាំ សត្វ ឱ្យលង់លិចក្នុងភព។ ឧបបត្តិភព គឺភពដែល ជាកន្លែងសត្វកើតមាន៩ភព គឺ កាមភព១ រូបភព១ អរូបភព១ សញ្ញាភព១ អសញ្ញាភព១ នេវសញ្ញានាសញ្ញាភព១ ឯកវោការភព១ ចតុវោការភព១ បញ្ចោវាការភព១។ ប្រធានបទពេលរសៀលគឺអំពី ទិដ្ឋោឃៈ អន្លង់គឺទិដ្ឋិ សម្តែងអំពីអន្តគ្គាហិកទិដ្ឋិ ១០ យ៉ាង ១.ឃើញថា លោកទៀង ២.លោកមិនទៀង ៣.លោកមានទីបំផុត ៤.លោកមិនមានទីបំផុត ៥.ជីវិតនិងសរីរៈដូចគ្នា ៦.ជីវិតនិងសរីរៈមិនដូចគ្នា ៧.សត្វស្លាប់ទៅរមែងទៅកើតទៀត ៨.សត្វស្លាប់ទៅរមែងមិនទៅកើតទៀត ៩.សត្វស្លាប់ទៅកើត ទៀតក៏មាន មិនកើតទៀតក៏មាន ១០.សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យថា អន្តគ្គាហិកទិដ្ឋិ ប្រែថា ការយល់ឃើញប្រកប ដោយសេចក្តីប្រកាន់នូវទីបំផុត បានដល់ ទិដ្ឍិដែលមាន កំណាន់ក្នុងទីបំផុត គឺថា ជាទិដ្ឋិដែលមានសេចក្តី ប្រកាន់ជ្រុលហួសហេតុ។ នៅក្នុងថ្ងៃនេះក៏មានកម្មវិធីវេរ ព្រះត្រៃបិដក ១ចប់ ព្រមទាំងទូ១ វចនានុក្រម បទានុក្រម រត្តនវត្ថុពុទ្ធបរិស័ទ ១ចប់់ ប្រគេនដល់ព្រះសង្ឃគង់នៅៈ វត្តដង្កោល ស្ថិតនៅ ភូមិដង្កោល ឃុំដង្កោល ស្រុកតំណាកក់ចង្អើ ក្រុងកែប។